ករណីសិក្សាយុវជនស្ម័គ្រចិត្តផលិតព័ត៌មានសហគមន៍

”ពីយុវជនស្មគ្រ័ចិត្តក្លាយជាអ្នកនិពន្ធអត្ថបទសារព័ត៌មាន”

ជាអតីតយុវជនស្មគ្រ័ផលិតព័ត៌មានសហគមន៍វ័យជំទង់ ប្អូនស្រី​ រ៉េត សុធា អាយុ២១ឆ្នាំ មានទីលំនៅ ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ សព្វថ្ងៃប្អូនស្រីជានិសិត្សឆ្នាំទី៤ ជំនាញអក្សរសាស្រ្តខ្មែរ នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ។ ប្អូនស្រីមានឪពុកឈ្មោះ ប៉ៃ សារ៉េត ជាកសិករ  និងម្តាយឈ្មោះ ស៊ឹង ចាន់ធឿន (ស្លាប់តាំងពីឆ្នាំ២០១៥) និងមានបងប្អូន៤នាក់ ស្រីទាំង៤ សុធា ជាកូនទី១ ក្នុងចំណោមបង្អូន៤នាក់ ។

សុធា បាននិយាយថាៈ កាលពីមុនខ្ញុំតែងតែលឺការចាក់ផ្សាយអំពីៈរាសីឆ្នាំកំណើត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទឹកជំនន់ និងព័ត៌មានផ្សេងៗទៀត តាមរយៈវិទ្យុ និងទូរទស្សន៍ជារៀងរាល់ព្រឹកមុនទៅសាលា តែខ្ញុំមិនដឹងនោះទេថាការផ្សាយទាំងអស់នោះគឺជាសារព័ត៌មាន ហើយខ្ញុំក៏មិនដែលដឹងដែរថាអ្វីទៅជាព័ត៌មាន? តើវាមានសារៈសំខាន់បែបណា? ហើយគេបង្កើតវាឡើងដើម្បីអ្វីក៏ខ្ញុំមិនដឹងដែរ។ បញ្ហារបស់សុធាគឺសុធាបានស្តាប់ និងបានដឹងព័ត៌មានពីការផ្សាយសារព័ត៌មាន តែសុធាមិនដឹងថាវាជាសារព័ត៌មាន។

នៅកំឡុងដើមឆ្នាំ២០១៩ដល់ចុងឆ្នាំ២០២០ សុធាបានចូលរួមជាយុវជនស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍វ័យជំទង់តាមរយៈអង្គការBCV បានផ្តល់វគ្គបណ្តុះបណ្តាល និងវគ្គរំលឹកជាច្រើនដើម្បីពង្រឹងសមត្ថភាពដល់ក្រុមយុវជនវ័យជំទង់ដូចជាៈ ការផលិតស្ពត, វគ្គអ្នកសារព័ត៌មានសហគមន៍ និងការសរសេរអត្ថបទព័ត៌មាន (ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានបទកការណ៍), ការធ្វើបទសម្ភាសន៍, វគ្គកាត់តវីឌីអូ រូបភាព ការថតរូប Computer Typing, សម្លេងដាក់ក្នុងរីខត និងវគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រជាដើម។

បន្ទាប់ពីជាប់បាក់ឌុបនៅចុងឆ្នាំ២០២០ ប្អូនស្រី បានទៅរៀនបន្តនៅសកលវិទ្យាល័យភ្នំពេញ ផលលំបាករបស់សុធាកំឡុងពេលរៀននៅសលវិទ្យាល័យគឺសុធាខ្វះខាតថវិកាសំរាប់ផ្គត់ផ្គង់ការសិក្សាដូចជាៈ ថ្លៃជួលបន្ទប់ស្នាក់នៅ និងការចាយវាយផ្សេងៗ ដោយសារតែស្ថានភាពជីវភាពគ្រួសារខ្វះខាត នៅពាក់កណ្តាលឆ្នាំទី១ សុធា ក៏សម្រេចចិត្តស្វែងរកការងារធ្វើជាអ្នករត់តុនៅភោជនីយដ្ឋានមួយកន្លែង(នៅពេលរសៀល) ចូលដល់ឆ្នាំទី២សាលាតម្រូវឲ្យសុធារៀនពេលថ្ងៃវិញ ដែលជាហេតុធ្វើឲ្យសុធាលាឈប់ពីការងារជាអ្នករត់តុ។ ក្រោយមកទៀតសុធាក៏ទៅធ្វើជាគ្រូបង្រៀននៅសាលាឯកជន និងនៅតាមផ្ទះចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ តែថវិកាដែលទទួលបានពីការបង្រៀននេះគឺមិនគ្រប់ក្នុងការចំណាយទេគឺប្អូនស្រីនូវយកលុយពីអ្នកផ្ទះមកផ្គត់ផ្គង់ការសិក្សាដដែល។

នៅឆ្នាំ២០២២ ដោយផ្អែកលើបទពិសោធន៍ធ្លាប់ជាយុវជនស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍ សុធា បានជាប់ការងារជាបុគ្គលិកនិពន្ធអត្ថបទសារព័ត៌មាន នៅស្ថាប័នសារព័ត៌មាន ឧកញ៉ាញូស៍ តួនាទីរបស់សុធាជាអ្នកនិពន្ធអត្ថបទគឺ ចុះសំភាសន៍ ស្វែងរកទិន្នន័យ ព័ត៌មាន មកនិពន្ធជាអត្ថបទ និងធ្វើការផ្សព្វផ្សាយសារព័ត៌មានទៅសាធារណៈជន។ ចាប់តាំងពីសុធាក្លាយជាបុគ្គលិកនិពន្ធអត្ថបទមក សុធា លែងសុំលុយអ្នកផ្ទះមកផ្គត់ផ្គង់ការសិក្សាទៀតហើយ រីឯការបង្រៀននៅសាលាឯកជននោះគឺកាត់បន្ថយមកត្រឹមម៉ោង៧ដល់៨យប់តែប៉ុណ្ណោះ ដើម្បីមានពេលវេលាសម្រាក និងរៀនសូត្រខ្លួនឯងបន្ថែម។ ប្អូនស្រី រ៉េត សុធា បាននិយាយទាំងរំភើប និងរីករាយថាៈ ក្រោយទទួលបានការបណ្តុះបណ្តាល និងរួមផ្សំការអនុវត្ត ធ្វើឲ្យខ្ញុំយល់ដឹងកាន់តែច្បាស់ពីភាពខុសគ្នារវាងព័ត៌មាន និងសារព័ត៌មាន, ខ្ញុំចេះផលិតស្ពត, ផលិតវីដេអូ សរសេរអត្ថបទព័ត៌មាន និងធ្វើបទសម្ភាសន៍ជាដើម ចំណេះដឹងទាំងអស់នេះពិតជាធ្វើឲ្យខ្ញុំមានសមត្ថភាព និងមានមូលដ្ឋានក្លាយជាបុគ្គលិកក្នុងក្រុមហ៊ុនមួយជាអ្នកនិពន្ធអត្ថបទព័ត៌មានរហូតមកដល់សព្វថ្ងៃនេះ។

ជាចុងក្រោយប្អូនស្រីបាននិយាយថាៈ បើសិនជាមានឱកាសខ្ញុំពិតជាចង់ចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍របស់ខ្ញុំទៅកាន់ប្អូនៗជំនាន់ក្រោយទៀតណាស់ ហើយក៏សូមអគុណដល់អង្គការអាក់សិនអេតកម្ពុជា និងអង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ដែលបានផ្តល់វគ្គបណ្តុះបណ្តាលទាំងនេះដល់ខ្ញុំ ក៏ដូចជាក្រុមយុវជនដ៏ទៃទៀតឲ្យមានចំណេះដឹងសម្រាប់ប្រើប្រាស់ក្នុងការសិក្សា ការបំពេញការងារ ការរស់នៅក្នុងបរិបទសង្គម និងបានជួយដល់សហគមន៍ផងដែរ ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថាអង្គការអាក់សិនអេតកម្ពុជា និងអង្គការអភិវឌ្ឍន៍សំលេងសហគមន៍ ហៅកាត់ បីស៊ីវី នូវតែបន្តគាំទ្រដល់ប្អូនៗជំនាន់ក្រោយទៀត។