លោក ជីវ សុក អាយុ៣១ឆ្នាំ កសិករនៅភូមិជីពូក ឃុំកាលឹក ស្រុកទឹកឈូ ខេត្តកំពង់ឆ្នាំង បានក្លាយជាសមាជិកគណៈកម្មការសហគមន៍ព្រៃធំអន្លង់ថ្មតាំងពីឆ្នាំ២០១៦ ដោយចិត្តស្រឡាញ់បរិស្ថានចង់អភិរក្សព្រៃឈើ។
ទោះជាយ៉ាងណា មុនចូលរួមគម្រោង GEF Small Grants Programme លោកមានការយល់ដឹងតិចតួចអំពីការប្រែប្រួលអាកាសធាតុ ការចូលរួមរបស់លោកជាមួយសហគមន៍ក៏មានកម្រិត ព្រោះជាប់រវល់រកចំណូលចិញ្ចឹមគ្រួសារ ព្រមទាំងខ្វះទំនុកចិត្តក្នុងការនិយាយទាក់ទងជាមួយសមាជិកសហគមន៍ដោយសារភាពអៀនខ្មាស់និងភ័យខ្លាច។
ក្រោយសហគមន៍ទទួលបានការគាំទ្រពីគម្រោង GEF ក្នុងឆ្នាំ២០២៤ លោកបានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាច្រើនផ្នែក ដូចជាភាពជាអ្នកដឹកនាំ ការសរសេររបាយការណ៍ ការគ្រប់គ្រងប្រាក់សន្សំ និងបានចូលរួមទស្សនកិច្ចសិក្សាពីសហគមន៍ដទៃទៀត។
លោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពល្បាតព្រៃ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការដាំកូនឈើ ការថែរក្សាផ្លូវសម្រាប់ភ្ញៀវទេសចរ និងការផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ។ លទ្ធផលនៃការចូលរួមនេះ បានធ្វើឱ្យលោកមានទំនុកចិត្តកាន់តែច្រើន មានជំនាញសរសេររបាយការណ៍ប្រសើរឡើង ហើយជីវភាពគ្រួសារកើនឡើងពី៣០%ទៅ៧០% តាមរយៈផលចំណេញពីការសន្សំប្រាក់ ការចិញ្ចឹមសត្វ និងសេវាបម្រើភ្ញៀវទេសចរ។ លោកសំណូមពរឱ្យគម្រោង GEF បន្តគាំទ្រការពង្រឹងសមត្ថភាពគណៈកម្មការ និងសមាជិកសហគមន៍បន្ថែមទៀត ជាពិសេសផ្នែកគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
បើកទទួលយកឯកសារពេញ [Document]
