គាំទ្រយើង

គាំទ្រដល់សកម្មភាពរបស់ពួកយើងដើម្បីសង្គមរីកចម្រើនប្រកបដោយបរិយាបន្ន

ជាកិច្ចចាប់ផ្តើមនៃជំនួបសវនាការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវការគាំទ្រ ចំពោះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិក្រោមប្រធានបទ“ការចែករំលែកឧត្តមានុវត្តន៍ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពនៅអាស៊ី” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការផ្តល់ជំនួយផ្នែកច្បាប់ប្រកបដោយសន្តិភាព យុត្តិធម៌ សុខដុមរមនា និងចីរភាព បង្កើតជាថ្នាលសម្រាប់ការពិភាក្សាក្នុងចំណោមតួអង្គពាក់ព័ន្ធក្នុងការផ្តល់ជំនួយផ្នែកច្បាប់ចែក​រំលែកឧត្តមានុវត្តន៍ពីតាមបណ្តាយុត្តាធិការនិងវិស័យពាក់ព័ន្ធ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់ និងរួមចំណែកដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានបង្កើតរាជាណាចក្រទី២ ដែលជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រកាន់យកនូវទស្សនៈគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាធំ (Rule of Law) របបប្រជាធិបតេយ្យ និងរបបទីផ្សារសេរី ជាមូលដ្ឋាននៃការកសាងរដ្ឋ និងសង្គមមួយដែលមានសន្តិភាពពេញលេញ យុត្តិធម៌ សមធម៌ វិបុលភាព ព្រមទាំងផ្តល់នូវការការពារសិទ្ធិ និងឱកាសស្មើគ្នាសម្រាប់ប្រជាជនគ្រប់រូប។

លើសពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកការពង្រឹងនីតិរដ្ឋជារបៀបវារៈសំខាន់មួយ និងបានខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមានដូចជាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ,
គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការជាតិដឹកនាំការកែទម្រង់ច្បាប់​ ជាដើម។

​ជាការបង្ហាញនូវចក្ខុវិស័យទៅមុខ សម្រាប់ការពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សី វិស្សុត បានគូសបញ្ជាក់ថា អ្នកច្បាប់ទាំងអស់នៃប្រទេសកំពុងអភិវឌ្ឍ មានកាតព្វកិច្ចសហការសិក្សា ចែករំលែកបទពិសោធ និងធ្វើសុខដុមនីយកម្មការយល់ដឹងអំពីទស្សនាទាន និងចក្ខុវិស័យច្បាប់សំខាន់ៗ ដើម្បីយកមកអនុវត្តនៅក្នុងតំបន់ និងក្នុងប្រទេសរៀងៗខ្លួនឱ្យសមស្របទៅនឹងបរិបទជាក់ស្តែង និងមានអំណោយផលក្នុងការបន្តពង្រឹង Rule of Law និង របបប្រជាធិបតេយ្យ ដោយ​មិនគ្រាន់តែចម្លងប្រព័ន្ធច្បាប់ពីប្រទេសអភិវឌ្ឍន៍នោះទេ។

ក្នុងស្មារតីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចែករំលែកនូវធាតុផ្សំមួយចំនួន ដើម្បីពង្រឹង Rule of Law ដោយក្នុងនោះរួមមាន ច្បាប់ល្អសមរម្យ និងមានតម្លៃនៅក្នុងបរិបទជាក់ស្តែងក្នុងប្រទេស ប្រព័ន្ធយុត្តិធម៌ដែលល្អនិងគួរឱ្យជឿជាក់បានមានអ្នកអនុវត្តច្បាប់ល្អពីគ្រប់មជ្ឈដ្ឋាន និងមានការផ្តល់ជំនួយផ្នែកច្បាប់នានាដល់ប្រជាជនក្រីក្រ និង ងាយរងគ្រោះឬ ជួបការលំបាក ធ្វើយ៉ាងណាឱ្យប្រជាជនទាំងអស់គ្នាមានភាពស្មើគ្នាចំពោះមុខច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្សារភ្ជាប់ច្បាប់ជាមួយនឹងការអភិវឌ្ឍជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យច្បាប់មានតម្លៃក្នុងការការពារផលប្រយោជន៍ និងគាំទ្រដល់ប្រជាជន និងការអភិវឌ្ឍ ដោយក្នុងនោះច្បាប់មានមុខងារសំខាន់ក្នុងការកំណត់ប្រសិទ្ធភាពនៃស្ថាប័នសំខាន់ៗ ជាពិសេសស្ថាប័ន ទីផ្សារសេរី និងរបបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍ។