ការយល់ដឹងរបស់សុមឿនតាមរយៈបទសម្ភាសន៍សហគមន៍
ប្អូនស្រី ណែម សុមឿន អាយុ១៨ឆ្នាំ រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឪពុក ឈ្មោះ ណែម ណង មុខរបរជាកសិករ ម្តាយឈ្មោះ ម៉ៃ ម៉ៅ មុខរបរ ជាអ្នកលក់ដូរបន្លែតិចតួច សុមឿន ជាកូនទី៥ ក្នុង ចំណោមបងប្អូន៦នាក់ ស្រី៣នាក់ បងប្រុស និងបងស្រី សុមឿន ចំនួន៤នាក់បានរៀបការ និងបែកគ្រួសារហើយ ។ សុមឿន ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនក្រគរ និងជាសមាជិកក្រុមអ្នកស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍វ័យជំទង់។ កាលពីមុន ប្អូនស្រីមិនដែលគិតនោះទេថានឹងបានចូលរួមក្នុងក្រុមទទួលបានចំណេះដឹងដែលថ្មីខុសប្លែកពីសាលា ហើយក៏មិន ដែលដឹងដែរអំពីកម្មវិធីវិទ្យុសហគមន៍ និងសារព័ត៌មានសហគមន៍ វាមានអត្ថន័យបែបណា គេបង្កើតវាឡើងដើម្បីអ្វី? ហើយ ហេតុអីបានជាប្អូនចាំបាច់ចូលរួមរៀនដែរ? តើវាមានអត្ថប្រយោជន៍អ្វីសំរាប់ប្អូន និងសហគមន៍ប្អូន? បើសុមឿនចូលរួមហើយ តើវាបានជួយអ្វីខ្លះដល់ការសិក្សារបស់សុមឿន? ហើយសុមឿន តែងតែ លឺក្រុមបងៗជំនាន់មុននិយាយគ្នាពីការសម្ភាសន៍បទយកការណ៍ បទ សម្ភាសន៍ទាន់ហេតុការណ៍ និងការផលិតស្ពត ដែលមានការកាត់ត សម្លេង រូបភាព និងវីឌីអូ គួរឲ្យចាប់អារម្មណ៍ណាស់។ មួយទៀត សុមឿន តែងតែឃើញអ្នកកាសែត ឬអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌ មានតាមTV និងPage Facebook សុមឿន ពិតជាចង់ធ្វើ និងស្រលាញ់ ការងារនេះណាស់ តែមិនដឹងថាត្រូវធ្វើមិចទើបបានចេះដូចគេនោះទេ ព្រោះនៅសាលាអត់មានបង្រៀនជំនាញនេះទេ។
មកដល់ពាក់កណ្តាលឆ្នាំ២០២០ សុមឿន ក៏បានចូលរួមក្នុងក្រុមអ្នកស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍តាមរយៈការ ផ្សព្វផ្សាយរបស់បុគ្គលិកអង្គការBCV បានផ្តល់វគ្គបណ្តុះបណ្តាល វគ្គរំលឹក និងតាមដាន ជាច្រើនដូចជាៈការផលិតស្ពត, អ្នកសារព័ត៌មានសហគមន៍,ការសរសេរអត្ថបទព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានបទយកការណ៍, ការធ្វើបទសម្ភាសន៍, វគ្គកាត់តវីឌីអូ រូបភាព ការថតរូប, Computer Typing, សម្លេងដាក់ក្នុងរីខត, វគ្គបណ្តុះបណ្តាលស្តីពីជំនាញសម្របសម្រួល និងភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលយេនឌ័រ និងសមភាពយេនឌ័រ, កិច្ចប្រជុំបង្កើតលក្ខន្ដិកៈបទបញ្ជាផ្ទៃក្នុង និងជ្រើស រើសប្រធានក្រុមអ្នកស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍, គាំទ្រការផលិតស្ពត ផលិតវីឌីអូ, និងការផុសផ្សព្វផ្សាយព័ត៌មាន សហគមន៍របស់ក្រុមអ្នកស្មគ្រ័ចិត្តផលិតព័ត៌មានសហគមន៍-ល-។
ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាល វគ្គរំលឹក តាមរយៈការរៀនសូត្រកិច្ចប្រជុំនានា និងការអនុវត្តសកម្មភាពជាក់ ស្តែងរួចមកឃើញថាៈ សុមឿន មានការយល់ដឹងច្រើនពីកម្មវិធីវិទ្យុសហគមន៍ និងជំនាញអ្នកសារព័ត៌មានសហគមន៍ដូចជាៈ ការធ្វើបទសម្ភាសន៍ ផលិតស្ពត វីឌីអូ ការសរសេរអត្ថបទព័ត៌មានជាដើម។ នៅពេលដែលសុមឿនទទួលបានចំណេះដឹង និងមានសមត្ថភាពហើយគឺកាន់តែធ្វើឲ្យប្អូនចង់ដឹង ចង់អនុវត្តផ្ទាល់ និងចង់ចុះ ទៅសហគមន៍ និងធ្វើបទសម្ភាសន៍កាន់តែខ្លាំង ដើម្បីបានពង្រឹងសមត្ថភាពរបស់ ខ្លួនឲ្យកាន់តែប្រសើរ។ ហើយក៏ចង់ឲ្យមិត្តភក្រ័ក្នុងសាលា និងអ្នកភូមិរបស់ប្អូន បានឃើញាពីលទ្ធផលនៃការខិតខំប្រឹងប្រែងរៀនសូត្រ និង ការរួមចំណែកជួយដ៏ សហគមន៍តាមរយៈការដើរតួនាទីជាអ្នកសារព័ត៌មានសហគមន៍នេះ មិនត្រឹមតែ ប៉ុណ្ណោះ សុមឿន ក៏ចង់រៀនសូត្រនូវអ្វីដែលថ្មីពីសហគមន៍ផងដែរ។ សុមឿន មានការពេញចិត្តយ៉ាងខ្លាំងនៅពេលចុះធ្វើបទសម្ភាសន៍ សហគម៍ ដែលធ្វើឲ្យប្អូន មានអារម្មណ៍ថាខុសប្លែកពីការសិក្សានៅសាលា ដែលរៀនតែទ្រឹស្តី សុមឿន យល់ដឹងកាន់តែច្បាស់ និងបានរួមចំណែកជួយដល់ សហគមន៍តាមរយៈការ ផុសផ្សព្វផ្សាយចែករំលែកព័ត៌មាន ក៏ដូចជាតម្រូវការរបស់សហគមន៍តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ Social media ដូចជាវីឌីអូ អត្ថបទព័ត៌មាន និងស្ពតអប់រំជាដើម។ ជាហេតុធ្វើឲ្យអាជ្ញាធរ ក៏ដូចជា សហគមន៍ស្គាល់ សុមឿន កាន់តែច្បាស់ និងធ្វើឲ្យសហគមន៍ អ្នកពាក់ព័ន្ធ និងសាធារណៈជន បានដឹងពីបញ្ហា ព័ត៌មាន និងតម្រូវការរបស់សគមន៍ ជាក់ស្តែង។ សុមឿន ចេះធ្វើការងារជាក្រុម ចេះសម្របសម្រួល ដឹកនាំក្រុម និង ក្លាហានជាងមុន ហ៊ានទំនាក់ទំនង ហ៊ានសួរ ការសម្ភាសន៍ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដោយមិនភ័យខ្លាច។ មួយវិញទៀត សុមឿន ក៏បានយល់ដឹងពីការធ្វើកសិកម្ម តាមរយៈបទសម្ភាសន៍ និងផលិតវីឌីអូ របស់សហគមន៍ដូចជាៈការធ្វើជីកំប៉ុស្តិ៍ ថ្នាំពុល សំលាប់សត្វល្អិតធម្មជាតិ និងការដាំដុះ ដំណាំបន្លែផងដែរ។ លើសពីនោះ សុមឿន ក៏ចេះអង្កេតបញ្ហាក្នុងសហគមន៍ និងចេះរកវិធានការ ក៏ដូចជាដំណោះស្រាយ បញ្ហាមួយចំនួនដែរ តាមរយៈការផលិតស្ពត វីឌីអូ និងការផុសផ្សព្វផ្សាយអត្ថបទព័ត៌មានជាដើម។ សុមឿន បាននិយាយ ទាំងទឹកមុខញញឹមថាៈ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានចូលរួមក្នុងក្រុមជាយុវជនវិទ្យុសហគមន៍ ក្នុងការបង្កើនសមត្ថ ភាព ចំណេះដឹង និងបានរួមចំណែកជួួយដល់សហគមន៍ខ្លួនឯង ហើយក៏តាំងចិត្តយ៉ាងមុតមាំថាខ្ញុំនឹងបន្តចែករំលែកចំណេះ ដឹង ទាំងនេះទៅប្អូនៗជំនាន់ក្រោយទៀត ដើម្បីឲ្យបញ្ហាក្នុងសហគមន៍ខ្ញុំត្រូវបានដោះស្រាយ និងរីកចម្រើន។