យុវជន យឺន ហៀ អាយុ២៥ឆ្នាំ ស្រីកសិករនៅភូមិជីពូក ឃុំកាលឹក ស្រុកទឹកឈូ ខេត្តកំពង់ឆ្នាំង បានចូលរួមសកម្មភាពជាមួយសហគមន៍ព្រៃធំអន្លង់ថ្ម និងគម្រោង GEF Small Grants Programme ចាប់តាំងពីឆ្នាំ២០២៤។
ថ្វីត្បិតតែនាងស្រឡាញ់ព្រៃឈើជាមុនស្រេចហើយក៏ដោយ ក៏មុនចូលរួមនាងនៅមិនទាន់មានការយល់ដឹងស៊ីជម្រៅអំពីសារៈប្រយោជន៍នៃធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងខ្វះទំនុកចិត្តក្នុងការនិយាយផ្សព្វផ្សាយដល់សមាជិកសហគមន៍ និងយុវជនដទៃទៀត។ ក្រោយទទួលបានការបណ្តុះបណ្តាលពីគម្រោង GEF និងអង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) ស្តីពីបច្ចេកទេសដាំដុះ ការធ្វើជីកំប៉ុស្ត និងការសម្របខ្លួនអាកាសធាតុ យុវជនរូបនេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើន ដូចជាការល្បាតព្រៃទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការដាំកូនឈើ ការសម្អាតផ្លូវសម្រាប់ភ្ញៀវទេសចរ និងការផ្សព្វផ្សាយចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ។
សព្វថ្ងៃនាងមានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការនិយាយផ្សព្វផ្សាយ និងអាចលើកទឹកចិត្តយុវជនដទៃឱ្យចូលរួមអភិរក្សធនធានធម្មជាតិបានកាន់តែច្រើន បញ្ជាក់ឱ្យឃើញពីតួនាទីសំខាន់របស់យុវជនស្ត្រីក្នុងការដឹកនាំកិច្ចអភិវឌ្ឍន៍សហគមន៍។ នាងសង្ឃឹមថាគម្រោង GEF នឹងបន្តគាំទ្រការបណ្តុះបណ្តាល និងសម្ភារៈសម្រាប់សកម្មភាពអភិរក្ស ដើម្បីបើកឱកាសកាន់តែច្រើនដល់យុវជន និងស្ត្រីក្នុងសហគមន៍ឱ្យចូលរួមគ្រប់គ្រង និងអភិវឌ្ឍសហគមន៍របស់ខ្លួន។
បើកទទួលយកឯកសារពេញ [Document]
